កំពង់ផែស្វយ័តភ្នំពេញ ដាក់ឱ្យប្រើប្រាស់សាកល្បងនូវ “ ចំណតផែរណបពហុបំណង UM2 និងចំណតផែរណបពហុបំណង LM26 ”។
ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៣ កំពង់ផែស្វយ័តភ្នំពេញ បានរៀបចំនូវពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាកល្បងនូវ ចំណតផែចំនួនពីរទីតាំងគឺ ចំណតផែរណបពហុបំណង UM2 ស្ថិតនៅឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងចំណតផែរណបពហុបំណង LM26 ដែលស្ថិតនៅ ភូមិកោះរកា ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ អមដំណើដោយថ្នាក់ដឹកនាំ ថ្នាក់គ្រប់គ្រង និងកម្មករ និយោជិត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ក្នុងមូលដ្ឋាន និងកំពង់ផែដៃគូ ,តំណាងក្រុមហ៊ុនជាដៃគូនានារបស់កំពង់ផែស្វយ័តភ្នំពេញ ផងដែរ។ គោលបំណងនៃការរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាកល្បង និងដំណើរទស្សនកិច្ចនេះ ដើម្បីបង្ហាញនូវលទ្ធផលជាផ្លែផ្កាកើតចេញពីការខិតខំប្រឹងប្រែងបំពេញការងាររបស់កំពង់ផែស្វយ័តភ្នំពេញកន្លងមក ដើម្បីសម្រេចនូវសមិទ្ធផលថ្មីទាំង២នេះ។
ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាកល្បង និងដំណើរទស្សនកិច្ចនេះថា ៖កំពង់ផែស្វយ័តរៀបចំកម្មវីធីនេះឡើង ក្នុងគោលបំណងផ្តល់ឱកាសឱ្យបងប្អូនអាចមកទទួល ធ្វើការដឹកជញ្ជូនពីតំបន់ដែលមានសក្តានុពល ផ្នែកកសិកម្ម និងឧស្សាហកម្ម ដែលអាចដឹកជញ្ជូនត្រង់ពីទីនេះទៅ កំពង់ផែស្វយ័តភ្នំពេញ ចំណតផែកុងតឹន័រថ្មី LM17 ដោយមិនចាំបាច់ធ្វើការលើកដាក់ម្តងទៀត ហើយបន្តការដឹកជញ្ជូនទៅដល់ប្រទេសវៀតណាមដែលជាកំពង់ផែឆ្លងកាត់ នឹងទៅកំពង់ផែទិសដៅផ្សេងទៀត។ ឯកឧត្តមប្រតិភូ បានបន្ថែមទៀតថា កំពង់ផែមានបំណងតែមួយគត់គឺ ធ្វើយ៉ាងណាផ្តល់សេវាកម្មដឹកជញ្ជូនឱ្យមានប្រសិទ្ធភាព មានន័យថាជាការដឹកជញ្ជូនត្រង់ ហើយផ្តល់ឳកាសឳ្យអ្នកប្រើប្រាស់អាចបញ្ចេញទំនិញបានលឿន និងអាចកាត់បន្ថយថ្លៃដឹកជញ្ជូន។
ឯកឧត្តមបានគូសបញ្ជាក់បន្ថែមត្រង់ចំនុចលើកទំនិញពីរដង ទោះជាមានការលើកដាក់ទំនិញដើម្បីយកទៅស្កេននៅ កំពង់ផែស្វយ័តភ្នំពេញ ចំណតផែកុងតឹន័រថ្មីLM17 ក៏មិនមានគិតថ្លៃសេវាបន្ថែមនោះដែរ ដូច្នេះតម្លៃសេវាកម្មផ្សេងៗ គឺថ្លៃតែមួយគត់មិនមានគិតថ្លៃបន្ថែមនោះទេ ដោយវិធីនេះជាវីធីមួយ ជួយដល់អ្នកដឹកជញ្ជូន ជួយដល់ម្ចាស់ចំការ ជួយដល់អ្នកនាំចេញ ជួយដល់កសិករ ដែលជាអ្នកដាំដំណាំទាំងអស់។
សូមបញ្ជាក់ថា គម្រោងនៃការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះរួមមាន ការជំរុញការដឹកជញ្ជូនទៅកាន់អន្តរជាតិ តាមផ្លូវទឹក ដោយប្រើប្រាស់ទន្លេមេគង្គ និងទន្លេសាប។ គម្រោងមានគោលបំណងសម្របសម្រួលការដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាពនៅជុំវិញទីក្រុងភ្នំពេញ ដែលនឹងបន្ថយថ្លៃដឹកជញ្ជូនទាបជាងមុន និងផ្តល់សេវាកម្មដឹកជញ្ជូនល្អប្រសើរ, រួមទាំងផ្តល់នូវកន្លែងលើកដាក់ទំនិញ និងការរក្សាទុកប្រកបដោយសុវត្ថិភាព សម្រាប់ស្តុកទុកទំនិញគ្រោះថ្នាក់ នៅក្នុងតំបន់កំពង់ផែ ដោយអនុលោមតាមកិច្ចព្រមព្រៀងក្នុងចំណោមបណ្តាប្រទេសអាស៊ាន៕