ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន៖ ៦ខែដើមឆ្នាំនេះ ការនាំចេញ-នាំចូលរបស់កម្ពុជា មានការថយចុះ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដោយសារវិបត្តិសាកលសង្គ្រាមរុស្សី-អ៊ុយក្រែន
ភ្នំពេញ៖ លោក ជា ចាន់ដារ៉ា ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានលើកឡើងថា ស្ថានភាពនៃការនាំចេញ និងនាំចូលរបស់កម្ពុជា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៣នេះ មិនមានស្ថានភាពល្អប្រសើរនោះទេ ពោលគឺមានចំនួនថយចុះតិចតួច បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដោយសារតែវិបត្តិសង្គ្រាមរុស្សី-អ៊ុយក្រែន និងវិបត្តិកូវីដ-១៩ នៅបន្តអូសបន្លាយមិនទាន់ចប់ ដែលបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច នៅលើសាកលលោកទាំងមូល។
យ៉ាងណាមិញ សម្រាប់ប្រទេសកម្ពុជា លោកមានក្តីរំពឹងថា វិស័យដឹកជញ្ជូននឹងមានភាពល្អប្រសើរឡើងវិញ នៅពេលឆាប់ៗខាងមុខ ដោយសារការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ទាំងផ្លូវទឹក និងផ្លូវគោក។
ជាក់ស្តែង កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ព្រមទាំងមានគម្រោងកសាងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ «ព្រែកជីកហ្វូណនតេជោ» ផងដែរ ដែលនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន សម្រាប់វិស័យដឹកជញ្ជូនកម្ពុជា នាពេលអនាគត។
លោកបានលើកឡើងបែបនេះ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ ក្នុងពិធីជំនួបរវាងម្ចាស់អាជីវកម្ម នាំចេញ នាំចូល និងក្រុមហ៊ុនដឹកជញ្ជូនឡូជីស្ទីក ដែលនេះគឺជាលើកទី៣ហើយ ដែលសមាគមបានរៀបចំឡើង ក្នុងគោលបំណងបង្កើតឲ្យមានកិច្ចសហការគ្នា និងការទំនាក់ទំនងគ្នា រវាងអាជីវកម្មដឹកជញ្ជូនដូចគ្នា ដើម្បីបំពេញចម្លោះនៃសេវាកម្ម។
(..សំឡេង..ឈ្មោះ “Sound-CheaChandara”)
សូមជម្រាបថា ឆ្នាំ២០២២ កម្ពុជានាំចេញទំនិញក្នុងតម្លៃជាង ២២ពាន់លានដុល្លារ កើនឡើង ១៦.៤% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដែលតម្លៃ ១៩ពាន់លានដុល្លារ។ ទន្ទឹមគ្នានេះ កម្ពុជាបាននាំចូលទំនិញមកវិញ ក្នុងតម្លៃជិត៣០ពាន់លានដុល្លារ កើនឡើង ៤.៣% ដែលធ្វើឱ្យទំហំពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ កើនឡើងជាង ៥២ពាន់លានដុល្លារ កើនឡើង ៩.២%។ នេះបើយោងតាមរបាយការពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។
របាយការណ៍ដដែលបានបញ្ជាក់ថា អាមេរិក គឺជាប្រទេសដែលកម្ពុជាបាននាំចេញទំនិញច្រើនជាង ដោយសម្រេចបានជាងជិត ៩ពាន់លានដុល្លារ ខណៈវៀតណាម ស្ថិតនៅលំដាប់ទី២ ដែលបានកម្ពុជាបានចេញទំនិញក្នុងតម្លៃជាង ២ពាន់លានដុល្លារ និងនាំចេញទៅចិន ក្នុងតម្លៃជាង ១២០០លានដុល្លារ រួមនឹងបណ្តាប្រទេស ដែលជាដៃគូនាំចេញទំនិញសំខាន់មួយចំនួនទៀត៕