រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំក្របខណ្ឌនៃការអភិវឌ្ឍ និងគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេនៅកម្ពុជា
(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំ គ.ស.ហ. ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការរៀបចំ និងកែសម្រួលសេចក្តីព្រាង «ក្របខណ្ឌនៃការអភិវឌ្ឍ និងគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេនៅកម្ពុជា»។ «ក្របខណ្ឌនៃការអភិវឌ្ឍ និងគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេនៅកម្ពុជា» ត្រូវបានរៀបចំឡើងក្នុងគោលដៅជំរុញដល់ការអនុវត្តច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និង «ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣» និងជាផែនទីបង្ហាញផ្លូវ សម្រាប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំផែនការអភិវឌ្ឍ និងវិនិយោគក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹកទន្លេឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ។ «ក្របខណ្ឌ» នេះ មានគោលបំណងពង្រីក និងបង្កើនការប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក តាមរយៈការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក លើកកម្ពស់ប្រសិទ្ធភាពសេវាកំពង់ផែដោយការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការកាត់បន្ថយចំណាយឡូជីស្ទិកសំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលវែង និងបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងតំបន់ និងសកល ។ ដើម្បីសម្រេចគោលបំណងខាងលើ ក្របខណ្ឌនេះបានដាក់ចេញនូវអភិក្រម ដូចខាងក្រោម៖ ១. ការកំណត់កំពង់ផែយុទ្ធសាស្រ្តរបស់រដ្ឋ, ២. ការកំណត់សសរស្តម្ភចំនួន ៥ រួមមាន៖ ការពង្រឹងក្របខណ្ឌគតិយុត្ត, ការពង្រឹងយន្តការស្ថាប័ន, ការកំណត់អាទិភាពលើយុទ្ធសាស្រ្តវិនិយោគ, ការកំណត់ប្រភពហិរញ្ញប្បទាន និងម៉ូឌែលអភិវឌ្ឍ និងការអនុវត្តបញ្ជីគម្រោង ។ ទន្ទឹមនេះ…