ក្រសួងពាណិជ្ជកម្ម កំពុងស្វះស្វែររកច្រក ដើម្បីពង្រីកការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារពិភពលោក សំដៅជួយលើកកម្ពស់តម្លៃអង្ករកម្ពុជា ឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។ ជាក់ស្តែងកាលពីពេលថ្មីៗ ក្រសួងពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាជាមួយក្រុមហ៊ុននាំចូលអង្ករឈានមុខគេលំដាប់កំពូលទាំង៣របស់ជប៉ុន ក្នុងគោលបំណងជំរុញការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារប្រទេសជប៉ុន។ បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា ការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារជប៉ុន នាពេលកន្លងមក គឺមានកម្រិតតិចតួចប៉ុណ្ណោះ។
នាជំនួបពិភាក្សាការងារជាមួយក្រុមហ៊ុននាំចូលអង្ករឈានមុខគេលំដាប់កំពូលទាំង៣របស់ជប៉ុន កាលពីពេលថ្មីៗនេះ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម តាមរយៈក្រុមការងារជំរុញការនាំចេញ ក្នុងការពង្រីកការនាំចេញផលិតផលកសិកម្ម និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការធានាអង្ករកម្ពុជា អនុលោមតាមស្តង់ដានៃទីផ្សារអន្តរជាតិ ព្រមទាំងចក្ខុវិស័យដ៏ទូលំទូលាយនៃការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការស្វែងរកឱកាសសហការនាពេលអនាគត។
បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ មានក្រុមហ៊ុនជាច្រើនចាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមពីវិស័យស្រូវអង្កររបស់កម្ពុជា និងបានទទួលស្គាល់ពីសក្តានុពលអង្ករកម្ពុជា ព្រមទាំងបានបង្ហាញពីសុទិដ្ឋិនិយមក្នុងការណែនាំអង្កររបស់កម្ពុជា ទៅកាន់បណ្តាញខ្សែច្រវាក់ផ្គត់ផ្គង់របស់ពួកគេ។
ជាមួយគ្នានេះ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានចាត់ទុកការជួបពិភាក្សាជាមួយក្រុមហ៊ុននាំចូលអង្កររបស់ជប៉ុន ខាងលើ ជាចំណុចចាប់ផ្តើមមួយក្នុងការជំរុញការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារប្រទេសជប៉ុន។ តែយ៉ាងណា អ្នកជំនាញរូបនេះ គូសបញ្ជាក់ថា បញ្ហាប្រឈមសម្រាប់ការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារប្រទេសជប៉ុន គឺបញ្ហាតម្លៃពន្ធនាំចូលខ្ពស់ ហើយប្រជាជនជប៉ុន ភាគច្រើនក៏មិនប្រើប្រាស់ប្រភេទអង្កររបស់កម្ពុជា នោះទេ។ បើតាមលោក លន់ យ៉េង បច្ចុប្បន្នការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារប្រទេសជប៉ុន គឺមានកម្រិតតិចតួចប៉ុណ្ណោះ។
សូមជម្រាបថា ក្រុមហ៊ុននាំចូលអង្ករឈានមុខគេលំដាប់កំពូលទាំង៣ របស់ជប៉ុន ខាងលើនេះ បានធ្វើប្រតិបត្តិការគ្របដណ្ដប់ជាង៨០% នៃទីផ្សារនាំចូលអង្កររបស់ប្រទេសជប៉ុន ដោយក្នុងចំណោមនោះ ក្រុមហ៊ុន ITOCHU Corporation គឺជាក្រុមហ៊ុនឈានមុខគេលំដាប់ទី១ ក្នុងវិស័យនាំចូលអង្ករនៅប្រទេសនេះ៕