You are here:

កម្ពុជា​កំពុង​ជំរុញ​ការ​រៀបចំផែនការអភិវឌ្ឍន៍ និង​គ្រប់​គ្រងកំពង់ផែ​ទន្លេ

កម្ពុជា​កំពុង​ជំរុញ​ការ​រៀបចំផែនការអភិវឌ្ឍន៍ និង​គ្រប់​គ្រងកំពង់ផែ​ទន្លេ

កម្ពុជាកំពុងជំរុញ​ការ​រៀបចំប្រព័ន្ធ​ច្បាប់​គ្រប់​គ្រង​ការ​ធ្វើ​អាជីវកម្មកំពង់ផែ​ទន្លេ ដើម្បីជួយ​លើក​កម្ពស់​វិស័យ​ដឹក​ជញ្ជូនទំនិញ​តាម​ផ្លូវ​ទឹក​ពី​​កម្ពុជា​​ទៅ​​​​ទីផ្សារ​អន្តរជាតិ ខណៈ​ដំណើរ​ការ​សាងសង់​គម្រោង​ព្រែក​ជីក​ហ្វូណន តេជោ​ ដែលជា​​ផ្លូវ​ទឹក​តភ្ជាប់​ពី​កំពង់ផែ​ទន្លេ(កំពង់​ផែ​ស្វយ័ត​ក្រុង​ភ្នំពេញ)​ទៅ​កំពង់​ផែ​សមុទ្រ​អន្តរជាតិ ​កំពុង​បោះ​ជំហាន​ទៅ​មុខ​ដោយ​​សន្សឹមៗ។

ប្រឡាយ​ប្រវែង ១៨០ គីឡូម៉ែត្រ​នឹង​តភ្ជាប់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ទៅកាន់​កំពង់ផែ​អន្តរជាតិ​ដោយ​ជួយ​បង្កើន​លទ្ធភាព​ទទួលបាន​ទំនិញ​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។

នៅ​ទីស្តីការ​​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃ​ទី​១៣ ខែកុម្ភៈ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) បានដឹកនាំកិច្ចប្រជុំ គ.ស.ហ. ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការរៀបចំ និងកែសម្រួលសេចក្តីព្រាង«ក្របខណ្ឌនៃការអភិវឌ្ឍ និងគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេនៅកម្ពុជា» ដោយមានការចូលរួមពី​ថ្នាក់​ដឹក​នាំ​ក្រសួង​-ស្ថាប័នពាក់ព័ន្ធជាច្រើន​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​​​ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ​ឱ្យ​ដឹង​ថា«ក្របខណ្ឌនៃការអភិវឌ្ឍ និងគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេនៅកម្ពុជា» ត្រូវបានរៀបចំឡើងក្នុង​គោលដៅជំរុញដល់ការអនុវត្តច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក។

ក្របខណ្ឌ​នេះមានគោលបំណងពង្រីក និងបង្កើនការប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក តាមរយៈការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក លើកកម្ពស់ប្រសិទ្ធភាពសេវាកំពង់ផែ។

ដោយការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការកាត់បន្ថយចំណាយឡូជីស្ទីក សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលវែង និងបង្កើន​សមត្ថភាពប្រកួតប្រជែងក្នុងតំបន់ និងសកល។

លោក អូន ព័ន្ធមុនីរ័ត្ន បាន​លើក​ឡើង​ក្នុង​កិច្ច​ប្រជុំ​ថា ក្របខណ្ឌ​នៃ​ការ​អភិវឌ្ឍ និង​ការ​គ្រប់​គ្រង​អាជីវកម្ម​កំពង់ផែ​ទន្លេ គឺ​មានសារៈសំខាន់ និង​ចាំបាច់​សម្រាប់​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ដឹក​ជញ្ជូន​តាម​កំពង់ផែ​ទន្លេ​ ទាំងសម្រាប់​​រយៈពេល​​ខ្លី មធ្យម និង​វែង​។​

ហេតុ​នេះ​​ក្រសួង-ស្ថាប័ន​ជំនាញ និង​អ្នក​ពាក់​ព័ន្ធ​ត្រូវ​តែ​ខិត​ខំ​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ធ្វើ​ឱ្យ​សេចក្តីព្រាងនៃឯកសារក្របខណ្ឌនេះកាន់តែមានភាពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ មុន​នឹង​ដាក់​ជូនរាជរដ្ឋាភិបាលពិនិត្យ និងអនុម័ត។

កិច្ច​ប្រជុំ​នេះ​បាន​ធ្វើ​ឡើង​ស្រប​ពេល​​នឹង​ការ​ចាប់​ផ្តើមធ្វើ​សកម្ម​ភាព​របស់​អាជ្ញាធរ​នៅ​តាម​ក្រសួង-ស្ថាប័ន និង​បណ្តាខេត្ត​ពាក់​ព័ន្ធ​នឹង​គម្រោង​ព្រែកជីក​ហ្វូណន តេជោ ដើម្បី​ស្វែងរក​​ដំណោះស្រាយ​ផល​ប៉ះ​ពាល់​ផ្សេង​ៗ​ចំពោះ​ប្រជាពលរដ្ឋ។

ជាក់​ស្តែង​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ កន្លងមក ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ ក្រសួងសាធារណការនិង​ដឹកជញ្ជូន ក្រសួង​រៀបចំដែនដី នគរូបនីយកម្មនិង​សំណង់ ក្រសួង​ធនធានទឹក និង​អាជ្ញាធរ​ខេត្ត​កណ្តាល បាន​រៀបចំ​វេទិកា​មួយដើម្បី​ពិភាក្សា​គ្នា​ត្រៀម​ចុះជួបផ្ទាល់ជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុង​ន័យ​ពិនិត្យ និង​ដោះស្រាយផល​ប៉ះពាល់ផ្សេងៗ​ពី​គម្រោង​​សាងសង់ព្រែកជីក​ហ្វូណន តេជោ​។

លោក ជា ចាន់ដារ៉ា ប្រធាន​សមាគម​ពាណិជ្ជករ​ដឹក​ជញ្ជូន និង​ខ្សែ​ច្រវាក់​ផ្គត់​ផ្គង់​នៅ​កម្ពុជា បានប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ថា ការបង្កើតឱ្យមាន«ក្របខណ្ឌនៃការអភិវឌ្ឍ និងគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេនៅកម្ពុជា»គឺជារឿងល្អសម្រាប់វិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា។

លោកបាន​ថ្លែង​៖«ខ្ញុំយល់ឃើញថា វាជាការល្អសម្រាប់កម្ពុជាដើម្បីបើកការដឹកជញ្ជូនតាមផ្លូវទឹកឱ្យបានច្រើនជាងនេះ ពីព្រោះថានៅពេលបច្ចុប្បន្ន យើងមើលឃើញហើយថាប្រទេសជិតខាងកម្ពុជា គឺមានការដឹកជញ្ជូនជាហូរហែតាមផ្លូវទឹកច្រើន​ជាងប្រទេសកម្ពុជា។ សម្រាប់កម្ពុជាវិញ ការប្រើប្រាស់ផ្លូវទឹកនៅមានកម្រិតតិចតួចនៅឡើយ ដូច្នេះប្រទេសកម្ពុជាគួរតែបង្វែរការដឹកជញ្ជូនតាមផ្លូវថ្នល់​ពីបណ្តាខេត្តនានាឱ្យបានច្រើន។ ការដឹកជញ្ជូនតាមផ្លូវទឹក ជួយកាត់បន្ថយថ្លៃដឹកជញ្ជូន ក៏ដូចជាកាត់បន្ថយគ្រោះថា្នក់ផ្សេងៗ ហើយក៏ជួយ​ថែរក្សាផ្លូវថ្នល់បានល្អប្រសើរដែរ ដូច្នេះនេះគឺជាវឌ្ឍនភាពមួយរបស់កម្ពុជាដែលអនាគតទៅនឹងប្រើប្រាស់ផ្លូវទឹកឱ្យបានច្រើនជាងនេះ»។

លោកបាន​បន្ថែមថា៖«ប្រាកដណាស់ បន្ទាប់ពីប្រើប្រាស់ផ្លូវទឹកបានច្រើនជាហូរហែ នាពេលអនាគតគឺព្រែកជីកហ្វូណនតេជោ ដែលជា​តម្លាយផ្លូវមួយសម្រាប់នាវាចរណ៍​ដឹកទំនិញទៅកាន់កំពង់ផែសមុទ្រ។ នេះជាម្យោបាយដឹកជញ្ជូនមួយដ៏ល្អប្រសើរដែលអាចផ្តល់ភាពងាយស្រួលដល់អ្នកវិនិយោគមានបំណងក្នុងការមកវិនិយោគនៅកម្ពុជា»។

អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាន​យល់ថា «ក្របខណ្ឌនៃការអភិវឌ្ឍ និងគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេនៅកម្ពុជា» គឺផ្តល់ផលប្រយោជន៍យ៉ាងធំធេងដល់វិស័យសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ការដឹកជញ្ជូនអ្នកទេសចរពីទីក្រុងភ្នំពេញទៅកាន់បណ្តាខេត្តនានា និងការតភ្ជាប់ផ្លូវទឹកដ៏សំខាន់សម្រាប់ដឹកជញ្ជូនទំនិញពីកំពង់ផែទឹកសាប ទៅកាន់កំពង់ផែសមុទ្រ។

លោកបាន​ថ្លែងថា៖«នេះគឺជាកិច្ចការមួយដ៏ល្អដែលមានប្រយោជន៍ដល់វិស័យសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។ សំខាន់គឺសម្រាប់ពង្រីកការដឹកជញ្ជូនអ្នក​ទេសចរនៅទីក្រុងភ្នំពេញឱ្យកាន់តែប្រសើរ ដោយសារទីក្រុងភ្នំពេញមានសក្តានុពលទន្លេចតុមុខ និងទន្លេសាប ដែលអាចបង្កលក្ខណៈឱ្យមានសកម្មភាពទេសចរណ៍ ក៏ដូចជាសកម្មភាពដំណើរកម្សាន្តវិលល្ងាចនៅតាមដងទន្លេបានច្រើនផងដែរ ដូច្នេះយើងត្រូវយកចិត្តទុកដាក់ឱ្យខ្លាំងក្លាក្នុងកសាងកំពង់ផែដើម្បីបម្រើឱ្យទាំងទេសចរក្នុងស្រុក និងបរទេស»។

លោកបន្ថែមទៀតថា៖«ប្រសិនបើសម្រាប់រយៈពេលវែង នៅពេលព្រែកជីកហ្វូណនតេជោ សាងសង់សម្រេចហើយគឺកាន់តែបង្កើនវិសាលភាពនៃការដឹកជញ្ជូនតាមផ្លូវទឹកកាន់ប្រសើរ អ៊ីចឹងការពង្រីកវិសាលភាពនៃការដឹកជញ្ជូនតាមដងទន្លេកាន់តែមានលក្ខណៈល្អ ដោយតម្រូវឱ្យមានការវិនិយោគអាជីវកម្មកំពង់ផែទន្លេបានមួយផ្នែកថែមទៀត។ កិច្ចការនេះនឹងជួយឱ្យរដ្ឋទទួលបានចំណូល និងប្រជាពលរដ្ឋទទួលបានការងារធ្វើតាមរយៈការបោះទុនវិនិយោគកំពង់ផែទន្លេ»។

គម្រោងព្រែកជីកហ្វូណនតេជោ នឹង​ត្រូវ​សាងសង់ស្ទើទាំងស្រុងលើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណ ដែលបានបន្សល់ទុកតាំងពីសម័យហ្វូណន ក្នុងនោះផ្លូវទឹកធម្មជាតិដែលមានស្រាប់មានប្រវែង ១៣៥ គីឡូម៉ែត្រ និងផ្លូវទឹកជីកថ្មីប្រវែង ៧ គីឡូម៉ែត្រ ព្រម​ទាំង​ផ្លូវទឹកជីកតម្រង់ប្រវែង ៣៨ គីឡូម៉ែត្រ។

គម្រោងនេះនឹងត្រូវប្រើពេលសាងសង់ ៤៨ខែ ដោយ​គ្រោងបញ្ចប់នៅឆ្នាំ ២០២៨ ដែលប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១,៧ ពាន់លានដុល្លារ។

នៅ​ពេលគម្រោង​​ព្រែកជីក​ហ្វូណន តេជោ​សាងសង់​រួច​រាល់ គឺ​គេ​អាច​ដឹក​ជញ្ជូន​មនុស្ស/ទំនិញចេញ-ចូល​ពី​កំពង់ផែ​ស្វយ័ត​ភ្នំពេញ(កំពង់ផែ​ទន្លេ) នៅ​កាន់​កំពង់ផែសមុទ្រ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ កំពត កែប និង​កោះកុង ដោយ​ផ្ទាល់​តែ​ម្តង​។

យោងតាមគេហទំព័រ៖ phnompenhpost.com

Share on facebook
Share on twitter
Share on linkedin
Share on telegram
Share on skype
Share on whatsapp
Share on email